ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានព្រមានថា បុគ្គលដែលមានទំហំចង្កេះធំប្រឈមនឹងការឆាប់ស្លាប់មុនអាយុដោយជំងឺផ្សេងៗក្នុងនោះមានដូចជា ជំងឺបេះដូង ជំងឺមហារីកនិងជំងឺផ្លូវដង្ហើមចន្លោះពី៣ទៅ៥ឆ្នាំ ។ ការពិនិត្យមើលទិន្នន័យនៃការសិក្សា១១ផ្សេងគ្នាពីសំណាក់អ្នកស្រាវជ្រាវ Mayo Clinicបង្ហាញថា បណ្តាបុរសដែលមានទំហំចង្កេះ ១០៩.២២សង់ទីម៉ែត្រឬធំជាង ៥០ភាគរយប្រឈមនឹងការឆាប់ស្លាប់មុនអាយុក្នុងអត្រាមួយខ្ពស់ជាងបណ្តាបុរសដែលមានទំហំចង្កេះទាបជាង ៨៨.៩សង់ទីម៉ែត្រ ។ បើគិតជាតួលេខអាយុកាលមធ្យមដោយគិតចាប់ពីវ័យ៤០ឆ្នាំឡើងទៅអត្រាឆាប់ស្លាប់គឺប្រហែលជា៣ឆ្នាំ ។
ដោយឡែក ចំពោះបណ្តាស្ត្រីដែលមានទំហំចង្កេះ ៩៣.៩៨សង់ទីម៉ែត្រឬធំជាង អត្រាមរណភាពមុនអាយុមានប្រហែលជា៨០ភាគរយធៀបទៅនឹងអ្នកដែលមានទំហំចង្កេះទាបជាង ៦៨.៥៨សង់ទីម៉ែត្រ ។ បើគិតជាតួលេខអាយុកាលមធ្យមគឺខាតអស់ប្រមាណជា៥ឆ្នាំដោយរាប់ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ។ អ្នកស្រាវជ្រាវដដែលបានបញ្ជាក់ថា រាល់ការកើនឡើងទំហំចង្កេះ ៥.០៨សង់ទីម៉ែត្រគឺអាចបង្កើនហានិភ័យស្លាប់មុនអាយុ ៧ភាគរយចំពោះបុរសនិង៩ភាគរយចំពោះស្ត្រី ។
វេជ្ជបណ្ឌិត James Cerhan អ្នកដឹកនាំការសិក្សាបានថ្លែងថា៖«សមាមាត្ររវាងទម្ងន់និងកម្ពស់(BMI)មិនមែនជារង្វាស់ដែលត្រឹមត្រូវឥតខ្ចោះនោះទេ ។ វាមិនអាចញែកទម្ងន់ខ្លួនពិតប្រាកដពីទម្ងន់ខ្លាញ់នោះទេ ហើយវាក៏មិនអាចកំណត់ឱ្យច្បាស់ថា អ្នកមានទម្ងន់ប៉ុនណានោះដែរ ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ៖«បញ្ហាបឋមដែលគេគួរអនុវត្តគឺទប់ស្កាត់មិនឱ្យ BMIឡើងខ្ពស់និងទំហំចង្កេះរីកធំ ។ គេអាចបញ្ចុះទំហំចង្កេះបន្តិចម្តងៗតាមដំណាក់កាលដោយការហាត់ប្រាណនិងរបបអាហារ» ៕





No comments:
Post a Comment