loading...
loading...

Thursday, May 25, 2017

តើ​ស្ត្រី​មាន​ផ្ទុក​ជំងឺ​ទឹកនោមផ្អែម​អាច​ពពោះ​បាន​ទេ?

មនុស្ស​មួយ​ចំនួន​ធំ​យល់​ថា ស្ត្រី​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​មិន​អាច​មាន​ផ្ទៃពោះ​បាន​ទេ ប៉ុន្តែ​តាម​ក្បួន​ពេទ្យ​អ្នកជំងឺ​អាច​មាន​ផ្ទៃពោះ​បាន​ធម្មតា សំខាន់​គឺ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ បើសិនជា​មិន​បាន​គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ វា​អាច​នឹង​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ​និង​ទារក ដែល​គ្រោះថ្នាក់​ទាំងនេះ​មាន​ដូច​ជា ៖

-​ផល​ប៉ះពាល់​ចំពោះ​មាតាៈ អាច​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក​ឬ​ខ្ពស់​ពេក​ជាតិ អាស៊ីត​ស្ទះ​ក្នុង​សរសៃឈាម​បណ្តាល​មក​ពី​កេ​តូ​អាស៊ីត​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​សរសៃឈាម​ភ្នែក តម្រងនោម លើសឈាម ងាយ​ឆ្លង​មេរោគ ជា​ពិសេស​ប៉ះពាល់​ប្រព័ន្ធ​បញ្ចេញ​មូត្រ ។
-​ផល​ប៉ះពាល់​ចំពោះ​ទារកៈ អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​រីក​ធំ​ជាង​ប្រក្រតី ពិបាក​សម្រាល អាច​មាន​គ្រោះថ្នាក់​នៅ​ពេល​សម្រាល រលូត​កូន កើត​មុន​កំណត់ ស្លាប់​ក្នុង​ពោះ ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប កាល់ស្យូម​ទាប ឡើង​ពណ៌​លឿង​លើ​ខ្លួនប្រាណ គាំងបេះដូង និង​អាច​ពិការ​ពី​កំណើត​ជាដើម ។
ប៉ុន្តែ​បញ្ហា​ទាំងនេះ​អាច​គ្រប់គ្រង​ឬ​កាត់​បន្ថយ​បាន​ស្ទើរតែ​ស្មើនឹង​ស្ត្រី​មាន​ផ្ទៃពោះ​ធម្មតា ប្រសិនបើ​អ្នកជំងឺ​ទទួល​បានការ​ថែទាំ​យ៉ាង​ល្អ និង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ប្រហាក់ប្រហែល​មនុស្ស​ដែល​គ្មាន​ជំងឺ តាំងពី​មុន​ពេល​មានគភ៌​និង​កំឡុង​ពេល​ពពោះ ។

ទោះបីជា​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​មានគភ៌​បាន តែ​ក៏​នៅ​មាន​ស្ត្រី​មួយ​ក្រុម​ផ្សេង​ទៀត ត្រូវ​គ្រូពេទ្យ​ហាម​មិន​អនុញ្ញាត​ឲ្យ​មានកូន​ដូច​ជា ៖
-​បេះដូង​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ស​ព៌ា​ង្គ​កាយ មាន​បញ្ហា​ភ្នែក​យ៉ាងធ្ងន់ធ្ងរ ។
-​គាំង​តម្រងនោម
-​សម្ពាធ​ឈាម​ឡើង​ខ្ពស់
-​របួស​ពោះ ក្អួតចង្អោរ ឬ​រាករូស​ធ្ងន់ធ្ងរ
ដូច្នេះ​សម្រាប់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម មុន​នឹង​សម្រេចចិត្ត​មាន​ផ្ទៃពោះ​ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជា​មុន​សិន ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ស្ត្រី​ដែល​ឪពុក​ម្តាយ​ធ្លាប់​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​តែ​ទៅ​ធ្វើតេស្ត​ពិនិត្យ​រក​មើលជំងឺ​ទឹកនោមផ្អែម ដើម្បី​ការពារ​ការ​កើត​មាន​បញ្ហា​ដែល​មិន​អាច​ស្មាន​ដល់ ៕


No comments:

Post a Comment

Back To Top