loading...
loading...

Wednesday, May 24, 2017

ដេវីត មិន​បត​តសុំតែ​សុខ​ទោះបី​ជាត្រូវ​អាចារ្យ​ធំ​រិះគន់​យ៉ាង​ណាក៏ដោយ


Content image - Phnom Penh Post


នាពេល​ថ្មីៗ​នេះ មាន​ការ Live នូវ​វីដេអូ​មាន​រយៈពេល​ជាង​មួយ​ម៉ោង​របស់​បុរស​ជា​អ្នក​អភិរក្ស​សិល្បៈ​ខ្មែរ​ម្នាក់ មាន​សក់វែង ចង​កំប៉ោយ​ដូចជា​មនុស្ស​ស្រី ប្រាប់​នាម​ខ្លួន​ថា លោក​អាចារ្យ​ធំ ដោយ​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​បញ្ចេញ​ទស្សនៈ​រិះគន់​យ៉ាង​ខ្លាំង​ចំៗ​ទៅ​លើ​តារា​ចម្រៀង​ប្រុស ដែល​កំពុង​តែ​ពេញនិយម និង​ស្រូប​បានការ​គាំទ្រពី​សំណាក់​ប្រិយមិត្ត​ក្រុម​យុវវ័យ​ខ្លាំង នៅ​លើ​ទ្រនំ​ហង្សមាស លោក ងួន ចាន់ដេវីត ឬ​ហៅ G-Devith នោះ​ថា គឺជា​អ្នក​ពង្វក់​កូន​ខ្មែរ​ជំនាន់​ក្រោយ ធ្វើ​ឲ្យខូច​វប្បធម៌ និង​ប្រើ​ពាក្យពេចន៍​តិះដៀល​អសុរោះ​សង្កត់​ធ្ងន់ៗ​ចំពោះ​អ្នក​សិល្បៈ​បែក​ស្លុយ​ដទៃ​ទៀត​យ៉ាង​ដំណំ​ផងដែរ។
ទោះជា​បាន​ដឹង និង​ស្តាប់ឮ​ពាក្យ​ត្មះ​តិះដៀល ពី​សំណាក់​បុរស​អាចារ្យ​ធំ ដែល​បាន​អះអាង​ថា គឺជា​អ្នក​ការពារ​វប្បធម៌​ខ្មែរ​ពី​បុរាណ​មាន​ក្រុម​ផ្ទាល់ខ្លួន​ថា «យុវជន​នគររាជ» បាន​វាយប្រហារ​ពាក្យ​សម្តី​ធ្ងន់ៗ មក​លើ​ខ្លួន​យ៉ាង​ណាក្តី ក៏លោក ងួន ចាន់​ដេវីត មិន​ប្រតិកម្ម​តបត​វិញ​ដែរ។
ខណៈ​តារា​ចម្រៀង​ដែល​ចេះ​និពន្ធ​ទំនុក​ច្រៀង​និង​ទំនុក​ភ្លេង ម្ចាស់​បទ​ល្បី​ខ្លាំង​មុន​ដំបូង មាន​ចំណង​ជើង​ថា «រាំញី​កែងជើង» គ្រាន់តែ​បាន​និយាយ​ថា៖ «ខ្ញុំសុំ​មិន​ធ្វើការ​បរិយាយ​នូវ​រឿង​អ្វី​នោះ​ទេ​ចំពោះ​រឿង​កើត​ឡើង​មក​នេះ ដោយ​គ្រាន់តែ​ទុក​ឲ្យ​បងប្អូន​ជា​មហាជន​ជួយ​ពិចារណា​តាមដាន ឬ​ធ្វើការ​តតាំង​ជាមួយ​គាត់ [អាចារ្យធំ] ទៅ​ចុះ! គឺ​រូបខ្ញុំ​សុំតែ​សុខ​តែប៉ុណ្ណោះ​បាន​ហើយ»។
បើតាម​ខ្សែ​វីដេអូ​ឃ្លីប​របស់​អាចារ្យ​ធំ ដែល​បាន​រិះគន់​មក​លើ​តារា​ចម្រៀង​លោក ងួន ចាន់​ដេវីត និង​ក្រុម​តារា​ចម្រៀង​សម័យ​ក្រោយៗ​ដទៃ​ទៀត​ដែល​និយម​តែ​ទម្រង់​សិល្បៈ​បែក​ស្លុយ​ថាជា «ទំពាំង​ស្អុយ» ព្រោះ​តែ​លោក​មាន​កំហឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង ខណៈ​មាន​ដំណឹង​ថា ប្រទេស​ថៃ​កំពុង​ទាមទារ​ដាក់​ទម្រង់​សិល្បៈ​ល្ខោន​ខោល ទៅ​កាន់​អង្គការ​យូណេស្កូ ថា​ជា​កេរមរតក​សិល្បៈ​របស់​គេ និង​បាន​ដៀល​ឲ្យ​តារា​ប្រុស​រូបនេះ​ដែរ​ថា៖ «ក្នុងនាម​អ្នកសិល្បៈ​ខ្មែរ​មួយ​រូប គ្រាន់តែ​ឈ្មោះ​ខ្លួនឯង មិនមាន​អ្វីជា​អត្តសញ្ញាណ​ខ្មែរ​បែរ​ដាក់​ថា G-Devith យក​តាម​តារា​កូរ៉េ G Dragon ដែល​មាន​រូបសាក់​លើ​ខ្លួន គ្មាន អត្តសញ្ញាណ​ខ្មែរ​ឡើយ»។
លោកក៏​លើក​ឡើង​ដែរ​ថា បើ​ជ្រុល​សាក់​រូប គួរតែ​សាក់​រូបជា​ទម្រង់​សិល្បៈ​ល្ខោន​ខោល ឬរូប​យ័ន្ត​ខ្មែរ និង​ផែនទី​ប្រទេស​ខ្មែរ​ដូចជា​លោក​បាន​បង្ហាញ​តាម​វីដេអូ​នោះ​ទើប​ល្អ​ប្រសើរ​មាន​ប្រយោជន៍​ដល់​ជាតិ​ខ្លួន។
ទោះបី​លោក ងួន ចាន់​ដេវីត មិន​តប​សារ​អ្វី​ទៅកាន់​លោក​អាចារ្យ​ធំ ដែល​បាន​អះអាង​ថា រូប​លោក​គឺជា​អ្នក​អភិរក្ស និង​អ្នកតស៊ូ​ការពារ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​មិនឲ្យ​បាត់បង់​ទៅ​តាម​ក្រុម​អ្នកសិល្បៈ​បែក​ស្លុយ​ខូច​ទម្រង់​សិល្បៈ​ខ្មែរ តាមរយៈ​ការ Live វីដេអូ ជាង​មួយ​ម៉ោង នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ដោះអាវ​បង្ហាញ​រូបសាក់​នានា​សឹងតែ​ពេញ​ខ្លួន​នោះ​ក្តី គេក៏​ឃើញ​មាន​អ្នកគាំទ្រ​របស់​តារា​រូបនេះ បាន​ចេញ​សារ​តប​ជំនួស​ជាច្រើន​ដែរ​មានភ្ជាប់​ជាមួយ​នឹង​រូបថត​សកម្មភាព​សប្បុរសធម៌​នានា​ទៀត​ផង។
សារ​នោះ​ថា៖ «អំពើ​ល្អគេ​មើល​មិន​ឃើញ​ទេ តែបើ​មាន​កំហុស​បន្តិច​គឺ​ចេញមក​រិះគន់​ជាន់​ពន្លិច​គេ​តែម្តង។ អាចារ្យធំ​បើ​គាត់​ជា​មនុស្ស​ល្អ​ពិត មិនមែន​មក​វាយប្រហារ​គេតែ​ម្នាក់​អ៊ីចឹង​ទេ។ បទ​ចម្រៀង​បែក​ស្លុយ​គឺ​ពេញ​ប្រទេស​ហេតុអី​មក​រិះគន់​តែ ដេវីត ម្នាក់? និយាយ​ហាមាត់​ឡើង​គឺជេរ ម៉ែឪ​គេ ដៀល​ពូជគេ ពាក្យ​អញ អា ហែ្អង មី ង៉ែង គ្មាន​សីលធម៌»៕


No comments:

Post a Comment

Back To Top