រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជូនជនភៀសខ្លួនម្នាក់ទៀតមកពីកោះណូរុដោយស្ងាត់ៗមកកម្ពុជាកាលពីខែមុន។ នេះបើតាមប្រធាននាយកដ្ឋានជនភៀសខ្លួនកម្ពុជា។
លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថាបុរសម្នាក់នេះបានភៀសខ្លួនចេញពីសង្គ្រាមនៅស៊ីរីទៅកោះណូរុហើយត្រូវបានបញ្ជូនមកភ្នំពេញមុនបុណ្យចូលឆ្នាំខ្មែរ។
បុរសស៊ីរីរូបនេះគឺជាមនុស្សម្នាក់ក្នុងចំណោមជនភៀសខ្លួន ២ នាក់ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្លាស់មករស់នៅកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែលោក សុវិជ្ជា ថ្លែងថាកាលពីថ្ងៃអង្គារមានម្នាក់បាន «ប្តូរចិត្តគាត់វិញ» ។
ជនភៀសខ្លួនដែលមកដល់ក្នុងពេលថ្មីៗនេះគឺជាមនុស្សម្នាក់ក្នុងចំណោមជនភៀសខ្លួនតែ ៧ នាក់ប៉ុណ្ណោះដែលទទួលយកការផ្តល់ជូនដ៏ចម្រូងចម្រាសពីរដ្ឋាភិបាលអូស្ត្រាលីដោយសារពួកគេបានព្យាយាមធ្វើដំណើរតាមទូកទៅអូស្ត្រាលី ប៉ុន្តែត្រូវបានយកទៅ (ឃុំខ្លួន) លើកោះណូរុជាច្រើនឆ្នាំដោយពួកគេមិនអាចតាំងលំនៅថ្មីនៅអូស្ត្រាលីបានទេ តែអាចមកនៅកម្ពុជាជំនួសវិញ។
ប៉ុន្តែក្នុងចំណោមអ្នកទាំង ៧ នោះបច្ចុប្បន្នមានតែ ៣ នាក់ប៉ុណ្ណោះដែលបន្តនៅកម្ពុជាក្នុងនោះមានឈ្មោះ Moham-med Rashid ជាជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា និងបុរសជាតិស៊ីរីម្នាក់ទៀតឈ្មោះ Abdullah រីឯម្នាក់ទៀតទើបនឹងមកដល់នាពេលនេះតែមិនទាន់ដឹងឈ្មោះ។ ចំណែក ៤ នាក់ទៀតមានបុរសមកពីមីយ៉ាន់ម៉ាម្នាក់ និង ៣ នាក់ជនជាតិអ៊ីរ៉ាក់ហើយពួកគេបានវិលទៅស្រុកកំណើតវិញហើយ។
កិច្ចព្រមព្រៀងនេះបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលីដោះដូរជាជំនួយដល់កម្ពុជាក្នុងទឹកប្រាក់ប្រមាណ ៤០ លានដុល្លារអូស្ត្រាលី។
អ្នកនាំពាក្យអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) បញ្ជាក់ថាអង្គការរបស់លោកនៅតែបន្ត «ផ្តល់សេវាការគាំទ្រដល់ជនភៀសខ្លួនដែលបានស្ម័គ្រចិត្តមករស់នៅកម្ពុជាពីកោះណូរុ» ប៉ុន្តែមិនអាចពិភាក្សាពីករណីពិសេសៗបានទេដោយលោកថាវាជាហេតុផលសម្ងាត់។
នៅពេលទាក់ទងកាលពីចុងសប្ដាហ៍នេះអ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍អូស្ត្រាលី និងនាយកដ្ឋាន Border Protection បានថ្លែងថា៖ «ការរៀបចំនេះផ្ដល់ឲ្យជនភៀសខ្លួននូវការគាំទ្រដែលពួកគេត្រូវការដើម្បីសម្របខ្លួនចូលទៅក្នុងសហគមន៍កម្ពុជា និងដើម្បីកសាងជីវិតថ្មី»។
អ្នកនាំពាក្យរូបនោះថា៖ «រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជានៅតែប្តេជ្ញាចិត្តរៀបចំឲ្យជនភៀសខ្លួននៅលើកោះណូរុអាចមកតាំងលំនៅថ្មីនៅកម្ពុជា។ លោកបន្ថែមថាភាពឯកជននៃជនភៀសខ្លួនគួរតែត្រូវបានគោរព។
គោលនយោបាយរបស់ប្រទេសអូស្ត្រាលីដែលបានឃុំខ្លួនជនភៀសខ្លួននៅលើកោះណូរុក្នុងឈូងសមុទ្រនោះត្រូវបានអង្គការសិទ្ធិមនុស្ស Amnesty International ចាត់ទុកថាជាអំពើដ៏ «ឃោរឃៅ» ខណៈដែលរបាយការណ៍ស្តីពីឧប្បត្តិហេតុនៅលើកោះនោះត្រូវបានកាសែត The Guardian ចេញផ្សាយកាលពីឆ្នាំមុនថាមានករណីរំលោភសិទ្ធិមនុស្ស
៕
៕

No comments:
Post a Comment