ការស្នើសុំរបស់មន្ត្រីការទូតធ្វើឡើងក្នុងជំនួបសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន លោកឯកអគ្គរាជទូតបានលើកឡើងថា ចំពោះទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០១៧ នេះ គឺប្រទេសឥណ្ឌាជាអ្នកផ្តល់ជូនមកកម្ពុជា។ ទឹកខ្មៅនេះគឺធ្លាប់បានប្រើក្នុងការបោះឆ្នោតនៅឥណ្ឌា ដែលមានប្រជាពលរដ្ឋជាង១ពាន់លាននាក់ គឺប្រទេសឥណ្ឌាពុំដែលមានបញ្ហាអ្វីនោះទេ។ ដូច្នេះកម្ពុជាត្រូវមានជំនឿទុកចិត្តលើទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតខាងមុខនេះ។
ថ្លែងក្នុងជំនួបលោកឯកអគ្គរាជទូតឥណ្ឌាបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីសម្របសម្រួលឱ្យឥណ្ឌាបានក្លាយជាប្រទេសដៃគូអាស៊ាន។ ហើយពេលនេះថ្នាក់ដឹកនាំឥណ្ឌាកំពុងរង់ចាំដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសឥណ្ឌាផងដែរ ដោយរំពឹងថា សម្ដេចតេជោនឹងអាចមានឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនាឆ្នាំក្រោយ ២០១៨នេះ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ចង់បានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាដែរ ដោយបានលើកឡើងពីក្រុមហ៊ុន អាណា របស់ជប៉ុនដែលដំបូងឡើយពុំសូវមានមនុស្សជិះ ប៉ុន្តែបច្ចុប្បន្នមានមនុស្សជិះច្រើនពេញៗតែម្តង។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានសម្រេចយកទឹកខ្មៅពីប្រទេសឥណ្ឌាចំនួន៤៦.៥០០ដប សម្រាប់បំរើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខនេះ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប. ធ្លាប់បានឲ្យដឹងថា សម្រាប់ការប្រើប្រាស់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ គ.ជ.ប. បានសម្រេចយកទឹកខ្មៅមកពីប្រទេសឥណ្ឌាចំនួន៤៦.៥០០ដប ដែលទិញក្នុងតម្លៃចំនួន៧៩ម៉ឺនដុល្លារ ៕


No comments:
Post a Comment